1. នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ*។
2. ទ្រង់បានឲ្យគេប្រហារជីវិតលោកយ៉ាកុប ជាបងរបស់លោកយ៉ូហាន។
3. ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ត ទ្រង់ក៏ចាត់គេឲ្យទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំប៉័ងឥតមេ*។
4. ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង*។
5. ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ត សូមព្រះអង្គជួយលោក។
6. នៅយប់មុនពេលដែលព្រះបាទហេរ៉ូដយកលោកពេត្រុសទៅកាត់ទោស លោកសម្រាន្ដ ទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។
7. ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុស ដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។
8. ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។
9. លោកពេត្រុសក៏ចេញពីទីឃុំឃាំង ដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះ ជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។
10. ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។