កិច្ចការ 11:7-19 Khmer Standard Version (KHSV)

7. ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា: “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។

8. ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថា: “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។

9. ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។

10. ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។

11. ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។

12. ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង‌ប្អូន​ប្រាំ​មួយ​នាក់​បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។

13. លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថា: “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស

14. គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។

15. នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។

16. ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ”។

17. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះ‌អង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។

18. កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ​ក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។

19. ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។

កិច្ចការ 11