16. ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា “លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។
17. ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។
18. កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។
19. ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។
20. ក៏ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ*ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។
21. ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។
22. ក្រុមជំនុំ*នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឲ្យទៅក្រុងអន់ទីយ៉ូក។
23. ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។
24. លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។
25. បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។
26. កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស* ជាលើកទីមួយថា «គ្រិស្ដបរិស័ទ»។
27. នៅគ្រានោះ មានពួកព្យាការី*ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។
28. ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស)។
29. ពួកសិស្ស*នាំគ្នាសម្រេចចិត្តផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។
30. គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។