កិច្ចការ 11:1-15 Khmer Standard Version (KHSV)

1. ក្រុម​សាវ័ក* និង​បង‌ប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។

2. កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះគន់​លោក​ថា៖

3. «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃហ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។

4. លោក​ពេត្រុស​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ‌ក្បាយ​ថា៖

5. «កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​អធិស្ឋាន* ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។

6. ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។

7. ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា: “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។

8. ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថា: “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។

9. ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។

10. ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។

11. ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។

12. ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង‌ប្អូន​ប្រាំ​មួយ​នាក់​បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។

13. លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថា: “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស

14. គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។

15. នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។

កិច្ចការ 11