1. ក្រុមសាវ័ក* និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។
2. កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖
3. «លោកបានចូលក្នុងផ្ទះសាសន៍ដទៃហ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
4. លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖
5. «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន* ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។
6. ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។
7. ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថា: “ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។
8. ប៉ុន្តែ ខ្ញុំទូលទៅវិញថា: “ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ*ហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ”។
9. ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថា: “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!”។
10. ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។