27. លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា
28. លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដា ទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្ស ដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
29. ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
30. លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
31. “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។
32. ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។
33. ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
34. ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
35. ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។
36. ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ដ* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
37. បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។
38. បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ* និងឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារ*សង្កត់សង្កិនឲ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
39. យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។
40. ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និងប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន