កិច្ចការ 1:9-25 Khmer Standard Version (KHSV)

9. លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះ‌អង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះ‌អង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។

10. កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ

11. ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះ‌អង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។

12. ពេល​នោះ ក្រុម​សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ។

13. លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។

14. ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន* ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារី​ជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។

15. នៅ​គ្រា​នោះ មាន​បង‌ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖

16. «បង‌ប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។

17. យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។

18. គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។

19. អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។

20. ក្នុង​គម្ពីរ​ទំនុក‌តម្កើង​មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖ “ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល យក​តំណែង​របស់​គាត់”។

21. ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង

22. គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។

23. គេ​បាន​នាំ​សិស្ស*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់‌ធាស។

24. បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង‌ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​អ្នក​ណា

25. ឲ្យ​បំពេញ​មុខ‌ងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។

កិច្ចការ 1