កិច្ចការ 1:2-8 Khmer Standard Version (KHSV)

2. រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដល់​ក្រុម​សាវ័ក*​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។

3. ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។

4. ពេល​ព្រះ‌អង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​សាវ័ក ទ្រង់​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា

5. លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ»។

6. ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។

7. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។

8. ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី»។

កិច្ចការ 1