15. នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេ ហើយពោលថា៖
16. «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមែន។
17. យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។
18. គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិត ទៅទិញដីចម្ការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។
19. អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។
20. ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖ “ចូរឲ្យលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំឲ្យមាននរណារស់នៅទីនោះឡើយ” និង“ត្រូវឲ្យម្នាក់ទៀតទទួល យកតំណែងរបស់គាត់”។
21. ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង
22. គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។
23. គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
24. បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឲ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា
25. ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
26. សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយរូបទៀត។