កាឡាទី 5:1-10 Khmer Standard Version (KHSV)

1. ព្រះ‌គ្រិស្ដ*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។

2. រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ប្រសិន​បើ​បង‌ប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ដ​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន​ទៀត​ហើយ។

3. ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។

4. ប្រសិន​បើ​បង‌ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បង‌ប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ដ ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។

5. រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។

6. ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

7. បង‌ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់ តើ​នរណា​រារាំង​បង‌ប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?

8. ការ​បញ្ចុះ‌បញ្ចូល​បែប​នេះ​មិន​មែន​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​ទេ។

9. «មេ​ម្សៅ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»។

10. ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។

កាឡាទី 5