22. ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។
23. ក៏ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។
24. យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។
25. នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។
26. រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ
27. ដ្បិតមានចែងទុកមកថា: «នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត។»
28. បងប្អូនអើយ បងប្អូនបានកើតមកតាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។
29. ប៉ុន្តែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។
30. តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថា: «ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ»។
31. ហេតុនេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីអ្នកងារទេ គឺជាកូនរបស់ស្ត្រីអ្នកជា។