12. បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។
13. បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។
14. ក៏ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវតា*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រិស្ដយេស៊ូដែរ។
15. តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។
16. ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?
17. រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។
18. ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។
19. កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្ដបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។
20. ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
21. បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ?
22. ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។
23. ក៏ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។
24. យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។