9. ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។
10. រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។
11. មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។
12. រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ»។
13. ដោយព្រះគ្រិស្ដបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
14. ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្ដយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
15. បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។
16. យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ដ។