8. ដ្បិតព្រះជាម្ចាស់ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។
9. កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
10. ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
11. ក៏ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។
12. លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។
13. បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។
14. ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
15. រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
16. យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
17. ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្ដនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!
18. ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្តល្មើសក្រឹត្យវិន័យ។