3. សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ* ប្រទានព្រះគុណ និងសេចក្ដីសុខដល់បងប្អូន។
4. ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។
5. សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
6. ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើង ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត
7. តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
8. ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវតា*ណាមួយពីស្ថានបរមសុខ*ក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ!
9. ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!
10. ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រិស្ដទៀតហើយ!