11. បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ
12. រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ដ*ឯណោះ ដែលបានសម្តែងឲ្យខ្ញុំស្គាល់។
13. បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចក្រុមជំនុំនេះទៀតផង។
14. ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15. ក៏ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។
16. នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្តែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
17. ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
18. បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
19. ប៉ុន្តែ ខ្ញុំពុំបានជួបនឹងសាវ័ក*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
20. សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។