1. ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
2. ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។
3. មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក
4. ដោយនិយាយថា តើសេចក្ដីសន្យាអំពីការយាងមករបស់ព្រះអង្គនៅឯណា ដ្បិតតាំងពីពួកដូនតាដេកលក់ទៅ នោះអ្វីៗទាំងអស់នៅតែដដែលតាំងពីដើមកំណើតផែនដីមក។
5. ព្រោះគេចង់បំភ្លេចសេចក្ដីនេះថា តាំងពីយូរណាស់មកហើយ នោះមានផ្ទៃមេឃ ហើយផែនដីក៏ត្រូវបានបង្កើតឡើងឲ្យផុសចេញពីទឹក និងនៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់
6. បន្ទាប់មក ពិភពលោកត្រូវទឹកនោះជន់លិចបំផ្លាញ
7. ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
8. បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ
9. ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ
10. ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។
11. បើអ្វីៗទាំងនេះនឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវតែមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់
12. ទាំងទន្ទឹងរង់ចាំ ឲ្យថ្ងៃរបស់ព្រះជាម្ចាស់ឆាប់មកដល់ ព្រោះនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯធាតុទាំងឡាយក៏នឹងឆេះរលាយអស់ដែរ។
13. ប៉ុន្ដែយើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីតាមសេចក្ដីសន្យារបស់ព្រះអង្គ ដែលនៅទីនោះមានតែសេចក្ដីសុចរិត។