12. ប៉ុន្ដែមនុស្សទាំងនេះដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ គេប្រមាថអ្វីៗដែលគេមិនស្គាល់។ សត្វតិរច្ឆានវិនាសជាយ៉ាងណា ពួកគេក៏នឹងត្រូវវិនាសជាយ៉ាងនោះដែរ
13. ហើយទទួលបានផលពីអំពើទុច្ចរិតរបស់ខ្លួន។ ពួកគេចាត់ទុកសេចក្ដីស្រើបស្រាលទាំងថ្ងៃ ជាការសប្បាយ។ ពួកគេជាស្នាមប្រឡាក់ ជាសេចក្ដីស្មោកគ្រោក ហើយពេលពួកគេស៊ីលៀងជាមួយអ្នករាល់គ្នា ពួកគេសប្បាយនៅក្នុងការបោកបញ្ឆោតរបស់ខ្លួន
14. ពួកគេមានភ្នែកពេញដោយអំពើផិតក្បត់ ហើយមិនឈប់ប្រព្រឹត្ដបាបឡើយ ក៏អូសទាញមនុស្សដែលមិនខ្ជាប់ខ្ជួនផង ពួកគេមានចិត្ដដែលត្រូវបានបង្វឹកឲ្យមានសេចក្ដីលោភ ជាកូនត្រូវបណ្ដាសារ។
15. ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃដែលបានមកពីអំពើទុច្ចរិត
16. ដូច្នេះ គាត់បានទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយបាននិយាយភាសាមនុស្សរារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូលនោះ។
17. មនុស្សទាំងនេះជាប្រភពទឹករីងស្ងួត ជាពពកដែលព្យុះបានបក់ផាត់ ហើយសេចក្ដីងងឹតសូន្យសុងត្រូវបានបម្រុងទុកសម្រាប់ពួកគេហើយ។
18. ដ្បិតពួកគេនិយាយពាក្យអួតអាងឥតប្រយោជន៍ ហើយទាក់ទាញអស់អ្នកដែលទើបតែរួចចេញពីពួកអ្នករស់នៅក្នុងសេចក្ដីវង្វេងដោយសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម និងការល្មោភកាម
19. ទាំងសន្យាឲ្យអ្នកទាំងនោះមានសេរីភាព ប៉ុន្ដែខ្លួនពួកគេផ្ទាល់ជាទាសករនៃសេចក្ដីពុករលួយ ដ្បិតអ្នកណាដែលត្រូវគេបង្ក្រាបបាន អ្នកនោះនឹងត្រលប់ជាទាសកររបស់អ្នកដែលបង្ក្រាបខ្លួននោះហើយ។
20. ដ្បិតបើពួកគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ប៉ុន្ដែបែរជាទៅជាប់ជំពាក់នឹងសេចក្ដីទាំងនោះម្ដងទៀត ហើយឲ្យសេចក្ដីទាំងនោះបង្ក្រាបពួកគេបាន នោះស្ថានភាពចុងក្រោយសម្រាប់ពួកគេ នឹងត្រលប់ជាអាក្រក់ជាងមុនទៅទៀត។
21. ដ្បិតសម្រាប់ពួកគេ បើមិនបានស្គាល់ផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងស្គាល់ ហើយបែរចេញពីបញ្ញត្ដិបរិសុទ្ធ ដែលបានប្រគល់ឲ្យពួកគេ។
22. ការដែលកើតឡើងចំពោះពួកគេ គឺដូចសុភាសិតពិតមួយពោលថា ឆ្កែបានត្រលប់ទៅរកកម្អួតរបស់វា ឯមេជ្រូកដែលលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ។