9. ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។
10. ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
11. ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ
12. បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ
13. ទោះជាយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅតែស្មោះត្រង់ ដ្បិតព្រះអង្គមិនអាចបដិសេធខ្លួនឯងបានទេ។
14. ចូររំលឹកពួកគេពីសេចក្ដីទាំងនេះ ហើយដាស់តឿនពួកគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះជាម្ចាស់កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ដ្បិតគ្មានប្រយោជន៍ឡើយ មានតែធ្វើឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។
15. ចូរខិតខំដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ទុកជាអ្នកខ្ជាប់ខ្ជួន គឺជាអ្នកធ្វើការដែលមិនខ្មាស់អៀន ទាំងបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
16. រួចត្រូវចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ដ្បិតសំដីទាំងនោះធ្វើឲ្យការមិនកោតខ្លាចព្រះជាម្ចាស់កាន់តែច្រើនឡើងថែមទៀត
17. ពាក្យសំដីរបស់ពួកគេនឹងស៊ីរូងដូចជាដំបៅមហារីក ហើយក្នុងចំណោមអ្នកទាំងនោះមានលោកហ៊ីមេនាស និងលោកភីលេត
18. ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។
19. ប៉ុន្ដែទោះជាយ៉ាងណាក្ដី គ្រឹះដ៏រឹងមាំរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរដរាប ដោយមានអក្សរចារឹកដូច្នេះថា ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ និងចូរឲ្យអស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ចាកចេញពីសេចក្ដីទុច្ចរិត។
20. នៅក្នុងផ្ទះដ៏ធំមួយ មិនមែនមានសុទ្ធតែប្រដាប់ប្រដាធ្វើអំពីមាស ឬប្រាក់ប៉ុណ្ណោះទេ គឺមានប្រដាប់ប្រដាធ្វើអំពីឈើ និងដីផងដែរ ប្រដាប់ប្រដាខ្លះសម្រាប់សេចក្តីថ្លៃថ្នូរ ហើយខ្លះទៀតសម្រាប់សេចក្តីអាប់ឱន។
21. ដូច្នេះ បើអ្នកណាជម្រះខ្លួនពីសេចក្ដីទាំងនេះ អ្នកនោះនឹងត្រលប់ជាប្រដាប់ប្រដាសម្រាប់សេចក្ដីថ្លៃថ្នូរ ដោយបានញែកជាបរិសុទ្ធ ហើយមានប្រយោជន៍ដល់ម្ចាស់ ជាប្រដាប់ប្រដាដែលរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។
22. ដូច្នេះ ចូររត់គេចពីសេចក្ដីស្រើបស្រាលរបស់យុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តជាមួយពួកអ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ដោយចិត្តបរិសុទ្ធចុះ។
23. ចូរចៀសវាងការសួរដេញដោលដ៏ល្ងង់ខ្លៅ និងលេលាដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះតែប៉ុណ្ណោះ។
24. បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាទេ ផ្ទុយទៅវិញ ត្រូវមានចិត្ដសុភាពរាបសារចំពោះមនុស្សទាំងអស់ ប៉ិនប្រសប់ក្នុងការបង្រៀន មានចិត្តអត់ធ្មត់
25. និងប្រដៅពួកប្រឆាំងដោយចិត្ដសុភាព ក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត
26. ហើយភ្ញាក់ខ្លួនចេញផុតពីអន្ទាក់របស់អារក្សសាតាំងដែលវាចាប់គេឲ្យធ្វើតាមបំណងរបស់វា។