16. ប៉ុន្ដែ សូមអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានឲ្យលោកទីតុសមានសេចក្ដីឧស្សាហ៍នោះនៅក្នុងចិត្ដចំពោះអ្នករាល់គ្នាដែរ
17. ដ្បិតគាត់បានទទួលពាក្យអង្វររបស់យើង ហើយកាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត រួចគាត់ក៏មកឯអ្នករាល់គ្នាដោយស្ម័គ្រចិត្ដ
18. រីឯយើងក៏បានចាត់បងប្អូនម្នាក់ ដែលមានការសរសើរពីក្រុមជំនុំទាំងអស់នៅក្នុងការប្រកាសដំណឹងល្អឲ្យមកជាមួយគាត់ដែរ
19. មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមជំនុំទាំងឡាយក៏បានជ្រើសរើសអ្នកនោះឲ្យរួមដំណើរជាមួយយើងនៅក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែង ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្ដសង្វាតរបស់យើងដែរ
20. ព្រមទាំងចៀសវាងកុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើនដែលយើងកំពុងចាត់ចែង
21. ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។
22. យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។