1. ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
2. ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
3. បើដំណឹងល្អរបស់យើងត្រូវបានលាក់បាំងមែន នោះគឺត្រូវបានលាក់បាំងនៅក្នុងចំណោមពួកអ្នកដែលកំពុងវិនាស
4. ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
5. ព្រោះយើងមិនប្រកាសអំពីខ្លួនយើងទេ គឺអំពីព្រះយេស៊ូគ្រិស្ដដ៏ជាព្រះអម្ចាស់វិញ ហើយដោយព្រោះព្រះយេស៊ូ ខ្លួនយើងត្រលប់ជាបាវបម្រើអ្នករាល់គ្នា
6. ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្ដរបស់យើង ដើម្បីបំភ្លឺការយល់ដឹងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្ដព្រះយេស៊ូគ្រិស្ដ។
7. ដូច្នេះយើងមានទ្រព្យសម្បត្ដិនៅក្នុងភាជនៈដីនេះ ដើម្បីបញ្ជាក់ថា អំណាចដ៏ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់ មិនមែនមកពីយើងទេ។
8. យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ
9. ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។