1. តើយើងចាប់ផ្ដើមលើកតម្កើងខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ?
2. អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើងដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា
3. ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ដដែលយើងបានសរសេរ គឺមិនបានសរសេរនឹងទឹកខ្មៅទេ ប៉ុន្ដែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយមិនមែននៅលើបន្ទះថ្មទេ គឺនៅក្នុងចិត្ដខាងសាច់ឈាមវិញ
4. ហើយយើងមានការទុកចិត្ដបែបនេះចំពោះព្រះជាម្ចាស់ ដោយសារព្រះគ្រិស្ដ
5. មិនមែនថាយើងមានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចាត់ទុកថាអ្វីមួយមកពីខ្លួនយើងទេ ព្រោះសមត្ថភាពរបស់យើងមកពីព្រះជាម្ចាស់។
6. ព្រះអង្គក៏បានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មីដែលមិនមែនសរសេរជាអក្សរទេ ប៉ុន្ដែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្ដែព្រះវិញ្ញាណផ្ដល់ជីវិត។
7. បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ
8. ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿងលើសជាងយ៉ាងណាទៀត។
9. បើមុខងារបម្រើការផ្ដន្ទាទោសមានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត
10. ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ
11. ហើយបើអ្វីដែលនឹងបាត់ទៅមានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរនឹងមានសិរីរុងរឿងលើសជាងទៅទៀត។