5. ប៉ុន្ដែបើអ្នកណាម្នាក់ធ្វើឲ្យព្រួយ អ្នកនោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ ប៉ុន្ដែឲ្យអ្នកទាំងអស់គ្នាព្រួយខ្លះ គឺខ្ញុំមិនបំផ្លើសទេ
6. ហើយការដាក់ទោសសម្រាប់មនុស្សបែបនេះពីមនុស្សភាគច្រើន នោះល្មមហើយ
7. ដូច្នេះអ្នករាល់គ្នាគួរលើកលែងទោស ព្រមទាំងកម្សាន្ដចិត្ដគាត់វិញ ក្រែងលោការព្រួយចិត្ដហួសប្រមាណលេបយកអ្នកនោះទៅ
8. ហេតុនេះខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យបញ្ជាក់ពីសេចក្ដីស្រឡាញ់ចំពោះគាត់។
9. ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
10. បើអ្នករាល់គ្នាលើកលែងទោសរឿងអ្វីមួយឲ្យអ្នកណាម្នាក់ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ ហើយរឿងអ្វីមួយដែលខ្ញុំបានលើកលែងទោសហើយនោះ បើខ្ញុំលើកលែងទោសរឿងអ្វីមួយមែន គឺខ្ញុំបានលើកលែងទោសដោយសារអ្នករាល់គ្នានៅចំពោះព្រះវត្តមានរបស់ព្រះគ្រិស្ដ
11. ក្រែងលោអារក្សសាតាំងបោកប្រាស់យើង ដ្បិតយើងមិនមែនមិនដឹងពីគំនិតរបស់វាទេ។
12. ពេលខ្ញុំទៅក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ នោះព្រះអម្ចាស់បានបើកទ្វារឲ្យខ្ញុំ
13. ប៉ុន្ដែខ្ញុំមិនមានភាពធូរស្បើយនៅក្នុងវិញ្ញាណរបស់ខ្ញុំសោះ ព្រោះមិនបានជួបលោកទីតុសជាបងប្អូនរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏លាពួកគេមកឯស្រុកម៉ាសេដូន។
14. ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើងចូលក្នុងក្បួនជ័យជម្នះរបស់ព្រះគ្រិស្ដជានិច្ច ហើយព្រះអង្គសាយភាយក្លិនដែលនាំឲ្យស្គាល់ព្រះអង្គ នៅគ្រប់ទីកន្លែងតាមរយៈយើង
15. ព្រោះយើងជាក្លិនពិដោររបស់ព្រះគ្រិស្ដ សម្រាប់ព្រះជាម្ចាស់ក្នុងចំណោមពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ និងពួកអ្នកដែលកំពុងវិនាស
16. សម្រាប់ពួកអ្នកដែលកំពុងវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់ ប៉ុន្ដែសម្រាប់ពួកអ្នកដែលទទួលបានសេចក្ដីសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំឲ្យមានជីវិត តើអ្នកណាស័ក្ដិសមនឹងកិច្ចការទាំងនេះ?
17. ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។