5. ខ្ញុំនឹងអួតអំពីមនុស្សបែបនេះ ប៉ុន្ដែចំពោះខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពកម្សោយរបស់ខ្ញុំ
6. ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ
7. និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែងនេះ។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក ទើបខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់របស់ខ្ញុំ ជាទេវតារបស់អារក្សសាតាំងដែលវាយខ្ញុំ គឺដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក។
8. ចំពោះសេចក្ដីនេះ ខ្ញុំបានសូមអង្វរព្រះអម្ចាស់បីដងមកហើយ ដើម្បីដកវាចេញពីខ្ញុំ
9. ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងនឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ
10. ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។
11. ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើងពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវកទាំងនោះដែរ។
12. មានទីសំគាល់ច្បាស់អំពីមុខងារជាសាវករបស់ខ្ញុំដែលបានបង្ហាញនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង តាមរយៈទីសំគាល់ ព្រមទាំងការអស្ចារ្យ និងកិច្ចការដ៏មានអំណាចទាំងឡាយ។
13. តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំចំពោះកំហុសនេះផង។
14. មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្ដាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។