២ កូរិនថូស 1:13-24 Khmer Christian Bible (KCB)

13. យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​

14. ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​

15. ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​

16. ហើយ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នក​រាល់គ្នា​ រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នក​រាល់គ្នា​ម្ដង​ទៀត​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុកយូដា។​

17. ពេល​ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាម​សាច់ឈាម​ បាន​ជា​ខ្ញុំ​ «បាទ»​ផង​ «ទេ‍»​ផង​ ដូច្នេះ?​

18. ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះត្រង់​ បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នក​រាល់គ្នា​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​

19. ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​

20. ដ្បិត​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ជា​ «បាទ»​ នៅ​ក្នុង​ព្រះអង្គ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ថា​ «អាម៉ែន»​ដែរ​ តាមរយៈ​ព្រះអង្គ​សម្រាប់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

21. គឺ​ព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេងតាំង​ ​ព្រមទាំង​ធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួន​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​

22. ព្រះអង្គ​បាន​បោះ​ត្រា​លើ​យើង​ ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ដ​របស់​យើង​ទុក​ជា​របស់​បញ្ចាំចិត្ដ។​

23. ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​

24. មិន​មែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​យើង​ជា​អ្នក​រួម​ការងារ​ជាមួយ​អ្នក​រាល់គ្នា​ សម្រាប់​អំណរ​របស់​អ្នក​រាល់គ្នា​វិញ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ដោយ​ជំនឿ​រួច​ហើយ។​

២ កូរិនថូស 1