1. ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល
2. សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3. គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការកម្សាន្ដចិត្ដគ្រប់បែបយ៉ាង
4. ជាព្រះដែលកម្សាន្ដចិត្ដយើងក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង ដើម្បីឲ្យយើងអាចកម្សាន្ដចិត្ដអស់អ្នកដែលជួបសេចក្ដីវេទនាគ្រប់បែបយ៉ាងបាន តាមរយៈការកម្សាន្ដចិត្ដដែលយើងបានទទួលពីព្រះជាម្ចាស់
5. ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដមានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្ដដល់យើងតាមរយៈព្រះគ្រិស្ដក៏មានកាន់តែច្រើនយ៉ាងនោះដែរ។
6. បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ
7. ហើយយើងមានសេចក្ដីសង្ឃឹមមុតមាំចំពោះអ្នករាល់គ្នា ដោយដឹងថា អ្នករាល់គ្នាជាអ្នករួមចំណែកក្នុងការរងទុក្ខជាយ៉ាងណា អ្នករាល់គ្នាក៏រួមចំណែកក្នុងការកម្សាន្ដចិត្ដជាយ៉ាងនោះដែរ។
8. ដ្បិតបងប្អូនអើយ! យើងមិនចង់ឲ្យអ្នករាល់គ្នានៅតែមិនដឹងអំពីសេចក្ដីវេទនារបស់យើងដែលកើតឡើងនៅស្រុកអាស៊ី គឺយើងមានបន្ទុកធ្ងន់ធ្ងរលើសកម្លាំង ធ្វើឲ្យយើងអស់សង្ឃឹមនឹងរស់នៅទៀត
9. ប៉ុន្ដែយើងមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះជាម្ចាស់ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
10. ព្រះអង្គបានសង្គ្រោះយើងពីសេចក្ដីស្លាប់ដ៏ធំសម្បើម ហើយនឹងសង្គ្រោះយើងទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គក៏នឹងនៅតែសង្គ្រោះដែរ។
11. អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរតាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើង សម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។
12. មោទនភាពរបស់យើងគឺបែបនេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយាក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញាខាងសាច់ឈាមទេ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។