15. កុំស្រឡាញ់លោកិយ ឬអ្វីៗនៅក្នុងលោកិយនេះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។
16. ដ្បិតអ្វីៗទាំងអស់នៅក្នុងលោកិយ ដូចជាសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតនៅក្នុងជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកិយវិញ
17. ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។
18. ក្មេងរាល់គ្នាអើយ! ឥឡូវនេះជាគ្រាចុងក្រោយ ហើយដូចដែលអ្នករាល់គ្នាបានឮរួចហើយថា អ្នកប្រឆាំងព្រះគ្រិស្ដនឹងមក ឥឡូវនេះមានពួកអ្នកប្រឆាំងព្រះគ្រិស្ដជាច្រើនបានមកមែន ដូច្នេះយើងដឹងថា នេះជាគ្រាចុងក្រោយហើយ។
19. ពួកគេបានចេញពីក្នុងចំណោមយើងទៅ ប៉ុន្ដែមិនមែនជាគ្នាយើងទេ ព្រោះបើជាគ្នាយើងមែន ពួកគេនឹងនៅជាមួយយើងរហូត ប៉ុន្ដែពួកគេចេញទៅដូច្នេះ ដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
20. រីឯអ្នករាល់គ្នាវិញ បានទទួលការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធ ហើយអ្នករាល់គ្នាក៏ស្គាល់ហើយ។
21. ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់រួចហើយ ហើយគ្មានសេចក្ដីភូតភរណាចេញមកពីសេចក្ដីពិតឡើយ។
22. តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។