1. កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត
2. ព្រះអង្គជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង ហើយមិនមែនសម្រាប់តែបាបរបស់យើងប៉ុណ្ណោះទេ គឺសម្រាប់បាបរបស់ពិភពលោកទាំងមូលដែរ។
3. យើងដឹងថា យើងបានស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺបើយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ។
4. អ្នកណានិយាយថាខ្ញុំបានស្គាល់ព្រះអង្គហើយ ប៉ុន្ដែមិនកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ
5. ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ
6. គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។
7. បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនបានសរសេរបញ្ញត្ដិថ្មីមកអ្នករាល់គ្នាទេ ប៉ុន្ដែជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមដំបូងមក។ បញ្ញត្ដិចាស់នោះជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចហើយ។
8. យ៉ាងណាមិញ ខ្ញុំសរសេរបញ្ញត្ដិថ្មីមួយមកអ្នករាល់គ្នាដែលពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នាដែរ ព្រោះសេចក្ដីងងឹតកំពុងរលាយបាត់ទៅ រីឯពន្លឺដ៏ពិតកំពុងបញ្ចេញពន្លឺស្រាប់ហើយ។
9. អ្នកណាដែលនិយាយថាខ្លួននៅក្នុងពន្លឺ ប៉ុន្ដែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតរហូតដល់ពេលឥឡូវនេះ។
10. រីឯអ្នកណាដែលស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានសេចក្តីដែលនាំឲ្យជំពប់ដួលឡើយ។
11. ប៉ុន្ដែអ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹត ក៏ដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេខ្វាក់ទៅហើយ
12. កូនតូចៗអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានទទួលការលើកលែងទោសបាបហើយ ដោយសារព្រះនាមរបស់ព្រះអង្គ។