១ ពេត្រុស 5:2-9 Khmer Christian Bible (KCB)

2. ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុសត្រូវ​ មិន​មែន​ដោយ​បង្ខំ​ ប៉ុន្ដែ​ដោយចិត្ដ​ចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​

3. មិន​មែន​ត្រួតត្រា​លើ​ពួកអ្នក​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មើលថែ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូងចៀម​

4. ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​

5. រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​

6. ដូច្នេះ​ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​អ្នក​រាល់គ្នា​នៅ​ពេល​កំណត់​មក​ដល់។​

7. ចូរ​ប្រគល់​គ្រប់​ទាំង​ការ​ខ្វល់ខ្វាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់គ្នា។​

8. ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​

9. ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំមួន​ ទាំង​ដឹង​ថា​ បង​ប្អូន​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ជួប​ការ​រងទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​

១ ពេត្រុស 5