8. នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។
9. ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក
10. ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។
11. ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។
12. ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្ដ្ររបស់ព្រះអង្គប្រឆាំងនឹងពួកអ្នកប្រព្រឹត្ដអាក្រក់វិញ។
13. បើអ្នករាល់គ្នាមានចិត្ដប្ដូរផ្ដាច់ប្រព្រឹត្ដល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា?
14. ប៉ុន្ដែបើអ្នករាល់គ្នារងទុក្ខដោយព្រោះសេចក្ដីសុចរិតមែន អ្នករាល់គ្នាមានពរហើយ ចូរកុំភ័យខ្លាចចំពោះការបំភ័យរបស់គេ ឬ ជ្រួលច្របល់ឡើយ
15. ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្ដជាព្រះអម្ចាស់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ ហើយចូរប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយការពារទៅកាន់អស់អ្នកដែលសុំអ្នកឲ្យរាយរាប់ប្រាប់ពីសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា