9. ស្រ្ដីមេម៉ាយដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ
10. ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។
11. រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត
12. ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។
13. ម្យ៉ាងទៀត ពួកនាងចេះតែដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែកកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗដែលមិនគួរនិយាយទៀតផង។
14. ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។
15. ដ្បិតមានស្រ្ដីមេម៉ាយមួយចំនួនបានបែរទៅតាមអារក្សសាតាំងហើយ។
16. បើមានស្រ្ដីអ្នកជឿម្នាក់មានសាច់ញាតិជាស្រ្ដីមេម៉ាយ ចូរឲ្យស្រ្ដីនោះជួយស្រ្ដីមេម៉ាយនោះចុះ មិនត្រូវដាក់បន្ទុកលើក្រុមជំនុំទេ ដើម្បីឲ្យក្រុមជំនុំជួយពួកស្រ្ដីមេម៉ាយពិតប្រាកដ។
17. ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
18. ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។
19. មិនត្រូវទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20. រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
21. នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។