6. ដូច្នេះ យើងមិនត្រូវដេកលក់ដូចជាអ្នកឯទៀតឡើយ គឺយើងត្រូវប្រុងស្មារតី ហើយដឹងខ្លួនជានិច្ច។
7. ដ្បិតអ្នកដេក គេដេកនៅពេលយប់ ហើយអ្នកស្រវឹង ក៏ស្រវឹងនៅពេលយប់ដែរ
8. ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក
9. ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើងទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង
10. ព្រះអង្គបានសោយទិវង្គតជំនួសយើង ដើម្បីឲ្យយើងមានជីវិតជាមួយព្រះអង្គ ទោះបីយើងដឹងខ្លួន ឬដេកលក់ក៏ដោយ។
11. ដូច្នេះ ចូរកម្សាន្ដចិត្ដគ្នា ហើយស្អាងគ្នាទៅវិញទៅមកដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។
12. ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា
13. រួចចូរឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយសេចក្ដីស្រឡាញ់ ព្រោះតែកិច្ចការរបស់ពួកគេ។ ចូររស់នៅដោយសុខសាន្តជាមួយគ្នាចុះ។
14. បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
15. ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។
16. ចូរអរសប្បាយជានិច្ច!
17. ចូរអធិស្ឋានឥតឈប់ឈរ!
18. ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
19. កុំពន្លត់ព្រះវិញ្ញាណ
20. កុំមើលងាយការថ្លែងព្រះបន្ទូល
21. ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន