1. ដោយព្រោះយើងពុំអាចទ្រាំទៀតបាន យើងក៏សម្រេចចិត្ដនៅក្រុងអាថែនតែគ្នាយើង
2. ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ
3. ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។
4. កាលយើងនៅជាមួយអ្នករាល់គ្នានៅឡើយ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងនឹងត្រូវរងទុក្ខវេទនា ហើយការនោះក៏កើតឡើងមែន ដូចដែលអ្នករាល់គ្នាដឹងស្រាប់។
5. ដោយខ្ញុំមិនអាចទ្រាំទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងមកល្បួងអ្នករាល់គ្នា តាមរបៀបណាមួយ ដែលនាំឲ្យការនឿយហត់របស់យើងត្រលប់ជាឥតប្រយោជន៍។
6. ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។
7. ដូច្នេះ បងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ដពីអ្នករាល់គ្នាដោយសារជំនឿរបស់អ្នករាល់គ្នា
8. ដ្បិតឥឡូវនេះយើងរស់ បើសិនអ្នករាល់គ្នាឈរមាំមួននៅក្នុងព្រះអម្ចាស់។
9. តើយើងអាចអរព្រះគុណព្រះជាម្ចាស់ដូចម្ដេចអំពីអ្នករាល់គ្នា សម្រាប់គ្រប់ទាំងអំណរដែលយើងមានដោយសារអ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់របស់យើង?
10. យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។