2. គឺដូចដែលអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ក្រោយពេលដែលយើងរងទុក្ខលំបាក និងត្រូវគេប្រមាថនៅក្រុងភីលីពរួចមក នោះយើងមានសេចក្ដីក្លាហាននៅក្នុងព្រះជាម្ចាស់របស់យើង ដើម្បីប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះអង្គ ទោះបីមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។
3. ដ្បិតសេចក្ដីទូន្មានរបស់យើងមិនមែនមកពីសេចក្ដីបោកប្រាស់ សេចក្ដីស្មោកគ្រោក ឬល្បិចកលឡើយ
4. ផ្ទុយទៅវិញ ព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អឲ្យយើងប្រកាសយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះ គឺមិនមែនដើម្បីផ្គាប់ចិត្ដមនុស្សទេ គឺដើម្បីឲ្យព្រះជាម្ចាស់ដែលពិសោធចិត្ដរបស់យើងសព្វព្រះហឫទ័យវិញ។
5. អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្ដីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់
6. ហើយយើងក៏មិនបានរកការសរសើរពីមនុស្សដែរ ទោះបីពីអ្នករាល់គ្នា ឬពីអ្នកដទៃក្ដី។
7. យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។
8. យើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់ បានជាយើងមិនត្រឹមតែពេញចិត្ដប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាបានត្រលប់ជាអ្នកជាទីស្រឡាញ់របស់យើង។
9. បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។