1. តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ?
2. ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
3. ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា
4. តើយើងគ្មានសិទ្ធិស៊ីផឹកទេឬ?
5. តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
6. តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ?
7. មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។