១ កូរិនថូស 7:20-34 Khmer Christian Bible (KCB)

20. ព្រះជាម្ចាស់​ត្រាស់ហៅ​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ​

21. តើ​ព្រះជាម្ចាស់​ត្រាស់ហៅ​អ្នក​ ពេល​អ្នក​ជា​បាវបម្រើ​ឬ?​ ចូរ​កុំ​ខ្វល់​ឡើយ​ ប៉ុន្ដែបើ​អ្នក​អាច​ត្រលប់​ជា​មាន​សេរីភាព​បាន​ នោះ​ចូរ​ធ្វើ​ចុះ​

22. ដ្បិត​នៅ​ក្នុង​ព្រះអម្ចាស់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ នៅ​ពេល​ជា​បាវបម្រើ​ អ្នក​នោះ​ជា​អ្នក​មាន​សេរីភាព​របស់​ព្រះអម្ចាស់​ ដូចគ្នា​ដែរ​ អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​ ​នៅពេល​ជា​អ្នក​មាន​សេរីភាព​ អ្នក​នោះ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​

23. ព្រះអង្គ​បាន​បង់​ថ្លៃ​លោះ​អ្នក​រាល់គ្នា​រួច​ហើយ​ ចូរ​កុំ​ធ្វើ​ជា​បាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ​

24. បងប្អូន​អើយ!​ ព្រះជាម្ចាស់​ត្រាស់ហៅ​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ‍​ នៅ​ចំពោះ​ព្រះជាម្ចាស់។​

25. រីឯ​មនុស្ស​មិន​ទាន់​រៀបការ​ ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មក​ពី​ព្រះអម្ចាស់​ទេ​ ប៉ុន្ដែ​ខ្ញុំ​ជូន​គំនិត​ក្នុង​នាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារ​ព្រះអម្ចាស់​មេត្តា​

26. ខ្ញុំ​គិត​ដូច្នេះ​ថា​ ដែល​មនុស្ស​នៅ​បែប​នេះ​នោះ​ល្អ​ហើយ‍​ ដោយ​ព្រោះ​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន។​

27. បើ​អ្នក​មាន​ប្រពន្ធ​ហើយ​ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​ប្រពន្ធ​

28. ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​

29. បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​

30. អ្នក​យំសោក​ដូចជា​មិន​យំសោក​ អ្នក​ត្រេកអរ​ដូចជា​មិន​ត្រេកអរ​ ហើយ​អ្នក​ដែល​ទិញ​ដូចជា​មិន​មាន​អ្វី​សោះ​

31. រីឯ​អ្នក​ដែល​ប្រើ​លោកិយ​ដូចជា​មិន​បាន​ប្រើ​សោះ​ ដ្បិត​លោកិយ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​កន្លង​ផុត​ទៅ​

32. ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ទេ​ អ្នក​ដែល​គ្មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអម្ចាស់​ប៉ុណ្ណោះ​

33. រីឯ​អ្នក​ដែល​មាន​ប្រពន្ធ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្រពន្ធ​ប៉ុណ្ណោះ​

34. ហើយ​គេ​មាន​ចិត្ដ​បែងចែក។​ រីឯ​ស្រ្ដី​ដែល​គ្មាន​ប្ដី​ និង​ស្រី​ក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ ដើម្បី​ឲ្យ​នាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ​ និង​វិញ្ញាណ​ ប៉ុន្ដែ​ស្រ្ដី​ដែល​មាន​ប្ដី​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្ដី​ប៉ុណ្ណោះ។​

១ កូរិនថូស 7