12. ដូច្នេះអ្នកដែលស្មានថា ខ្លួនឈរមាំមួនហើយ ចូរប្រយ័ត្ន ក្រែងលោដួល
13. គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
14. ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។
15. ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ
16. តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ?
17. ដោយព្រោះនំប៉័ងមានតែមួយ នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរ ដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។
18. សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ ពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជា តើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ?
19. តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ?
20. ទេ ខ្ញុំនិយាយអំពីអ្វីដែលពួកគេថ្វាយ គឺពួកគេថ្វាយដល់អារក្ស មិនមែនដល់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ
21. អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង និងពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង និងជាមួយអារក្សផងបានដែរ
22. ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23. ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ហើយខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែស្អាងឡើងទេ
24. ដូច្នេះ ចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។
25. ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ
26. ដ្បិតផែនដី និងរបស់សព្វសារពើនៅផែនដីជារបស់ព្រះអម្ចាស់។
27. បើមានអ្នកមិនជឿណាម្នាក់អញ្ជើញអ្នករាល់គ្នាឲ្យទៅបរិភោគ ហើយអ្នករាល់គ្នាចង់ទៅដែរ ចូរបរិភោគអ្វីៗទាំងអស់ដែលគេបានដាក់នៅចំពោះមុខអ្នករាល់គ្នាចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ