16. ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
17. ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នកដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់
18. ទោះបីមានសេចក្ដីថ្លែងទុកអំពីកូននោះក៏ដោយថា៖ «ពូជពង្សរបស់អ្នកនឹងត្រូវរាប់តាមរយៈអ៊ីសាក»។
19. គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។
20. ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។
21. ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។
22. ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។
23. ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24. ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ
25. គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។
26. គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដថាជាទ្រព្យសម្បត្ដិដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។
27. ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។
28. ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។
29. ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហមប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បង បែរជាត្រូវទឹកសមុទ្រលេបត្របាក់។
30. ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំបន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។
31. ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនស្ដាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32. តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ
33. ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ