ហេព្រើរ 11:16-27 Khmer Christian Bible (KCB)

16. ប៉ុន្ដែ​តាម​ពិត​ ពួកគេ​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​ គឺ​ជា​ស្រុក​ដែល​នៅ‍​ស្ថានសួគ៌។​ ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។

17. ​ដោយសារ​ជំនឿ​ នៅ​ពេល​ព្រះជាម្ចាស់​ល្បងល‍​លោក​អ័ប្រាហាំ​ គាត់បានថ្វាយ​អ៊ីសាក​ជា​យញ្ញបូជា​ គឺ​គាត់​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​អស់​ បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់​

18. ទោះបី​មាន​សេចក្ដី​ថ្លែង​ទុក​អំពី​កូន​នោះក៏ដោយ​ថា៖​ «ពូជពង្ស​របស់​អ្នក​នឹង​ត្រូវ​រាប់​តាមរយៈ​អ៊ីសាក»។​

19. គាត់​គិត​ថា​ ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​វិញ​បាន​ ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញមែន​ ទុក​ជា​រឿង​ប្រៀប​ប្រដូច​មួយ។​

20. ដោយសារ​ជំនឿ​ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ និង​លោក​អេសាវ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។​

21. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​ គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប​ ហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។​

22. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​យ៉ូសែប​រៀប​នឹង​ស្លាប់​ គាត់​បាន​និយាយ​អំពី​ការ​ចាកចេញ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​បានបង្គាប់​គេ​អំពី​ឆ្អឹង​របស់​គាត់។​

23. ដោយសារ​ជំនឿ​ នៅពេល​លោក​ម៉ូសេ​កើត​មក​ ឪពុក​ម្ដាយ​របស់​គាត់​បាន​លាក់​គាត់​ទុក​បី​ខែ​ ព្រោះ​ឃើញ​ទារក​នោះ​ស្អាត​ ហើយ​ពួកគេ​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ។​

24. ដោយសារ​ជំនឿ​ នៅ​ពេល​លោក​ម៉ូសេ​ពេញវ័យ​ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​ថា​ ជា​កូនរបស់​បុត្រី​ស្ដេច​ស្រុក​អេស៊ីព្ទ​ទេ​

25. គាត់​ជ្រើសរើស​យក​ការ​រងទុក្ខ​លំបាក​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយ​ភ្លែតក្នុង​បាប។

26. ​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​

27. ដោយសារ​ជំនឿ​ គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិន​ខ្លាច​ស្ដេច​ខឹង​ឡើយ​ ដ្បិត​គាត់​បាន​កាន់​ចិត្ត​មាំមួន​ប្រៀប​ដូច​ជា​បាន​ឃើញ​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ។​

ហេព្រើរ 11