1. ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ
2. ហើយប្រសិនបើអាចមែន នោះពួកអ្នកបម្រើមុខជាឈប់ថ្វាយយញ្ញបូជាទៀតហើយ ព្រោះកាលណាពួកគេបានស្អាតម្ដងហើយ ពួកគេមុខជាលែងមានអារម្មណ៍ថាខ្លួនមានបាបទៀតហើយ
3. ផ្ទុយទៅវិញ ការថ្វាយយញ្ញបូជានោះរំលឹកពួកគេឲ្យនឹកឃើញពីបាបជារៀងរាល់ឆ្នាំ
4. ព្រោះឈាមគោឈ្មោល និងពពែឈ្មោលមិនអាចដកយកបាបចេញបានទេ។
5. ហេតុនេះហើយ នៅពេលព្រះគ្រិស្ដយាងមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយឡើយ ប៉ុន្ដែព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ
6. ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬតង្វាយលោះបាបឡើយ
7. ដូច្នេះហើយបានជាខ្ញុំទូលថា ឱព្រះជាម្ចាស់អើយ! មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលបានចែងទុកនៅក្នុងកណ្ឌគម្ពីរមួយអំពីខ្ញុំស្រាប់»។
8. នៅខាងលើ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនចង់បានយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាប ហើយក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដែលគេថ្វាយតាមគម្ពីរវិន័យឡើយ
9. បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ។ ដូច្នេះហើយព្រះអង្គលុបរបៀបមុនចោល ដើម្បីតាំងរបៀបថ្មី។
10. ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។