8. ពួកវាមានសក់ដូចជាសក់របស់ស្រ្ដី ឯធ្មេញពួកវាដូចជាធ្មេញរបស់សត្វតោ
9. ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។
10. ពួកវាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។
11. ពួកវាមានទេវតានៃទីជម្រៅជាស្ដេចលើពួកវាដែលមានឈ្មោះជាភាសាហេព្រើរថា អាបាដូន និងមានឈ្មោះជាភាសាក្រេកថា អាប៉ូលីយ៉ូន។
12. សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។
13. បន្ទាប់មក ទេវតាទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់កន្លែងថ្វាយតង្វាយធ្វើពីមាសដែលនៅពីមុខព្រះជាម្ចាស់
14. និយាយទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែនោះថា៖ «ចូរស្រាយទេវតាទាំងបួនដែលបានចងទុកនៅឯទន្លេអើប្រាតដ៏ធំនោះទៅ»។
15. នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី
16. រីឯទ័ពសេះមានចំនួនពីររយលាននាក់។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ
17. ហើយនៅក្នុងនិមិត្ដនោះ ខ្ញុំបានឃើញសេះ និងអ្នកជិះលើពួកវាយ៉ាងដូច្នេះ គឺពួកគេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ខៀវងងឹត និងពណ៌ស្ពាន់ធ័រ ហើយក្បាលសេះទាំងនោះដូចជាក្បាលសត្វតោ ហើយក៏មានភ្លើងផ្សែង និងស្ពាន់ធ័រចេញពីមាត់របស់ពួកវាមកដែរ។
18. មនុស្សមួយភាគបីបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់របស់ពួកវាមក
19. ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាសត្វពស់ ហើយមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយសារក្បាលនោះ
20. រីឯមនុស្សឯទៀតៗដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនេះ មិនបានប្រែចិត្ដចេញពីកិច្ចការដែលដៃរបស់ពួកគេបានធ្វើឡើយ ក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងពីឈើដែលមើលមិនឃើញ ស្ដាប់មិនឮ ដើរមិនរួចនោះឡើយ
21. ហើយពួកគេក៏មិនបានប្រែចិត្ដពីការសម្លាប់មនុស្ស ពីមន្ដអាគម ពីអំពើអសីលធម៌ខាងផ្លូវភេទ និងពីអំពើលួចប្លន់របស់ពួកគេនោះដែរ។