វិវរណៈ 21:10-20 Khmer Christian Bible (KCB)

10. ទេវតា​នោះ​ក៏​នាំ​ខ្ញុំ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ ហើយ​ខ្ពស់​ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​ គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​

11. ទាំង​មាន​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​ គឺ​ដូច​ជា​ត្បូង​មណីជោតិរស​ ថ្លា​ដូច​កែវ​ចរណៃ។​

12. ក្រុង​នោះ​មាន​កំផែង​ធំ​ ហើយ​ខ្ពស់​ មាន​ទ្វារ​ដប់​ពីរ​ ហើយ​នៅ​ទ្វារ​ទាំង​នោះ​មាន​ទេវតា​ដប់​ពីរ​រូប​ រួច​នៅ​លើ​ទ្វារ​ទាំង​នោះ​មាន​សរសេរ​ឈ្មោះ​ដែល​ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។​

13. នៅ​ទិស​ខាង​កើត​មាន​ទ្វារ​បី​ ទិស​ខាង​ជើង​មាន​ទ្វារ​បី​ ទិស​ខាង​ត្បូង​មាន​ទ្វារ​បី​ និង​ទិស​ខាង​លិច​មាន​ទ្វារ​បី។​

14. រីឯ​កំផែង​របស់​ក្រុង​នោះ​មាន​គ្រឹះ​ដប់ពីរ​ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ឈ្មោះ​ទាំង​ដប់ពីរ​របស់​សាវក​ទាំង​ដប់ពីរ​របស់​កូនចៀម។​

15. ទេវតា​ដែល​និយាយ​ជាមួយ​ខ្ញុំ​នោះ​មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់​ សម្រាប់​វាស់​ក្រុង​ ទ្វារ​ និង​កំផែង​ក្រុង។​

16. ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា​ គឺ​បណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។​ ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយម៉ឺន​ពីរពាន់​ស្ដេឌៀ​ ហើយ​បណ្ដោយ​ ទទឹង​ និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើ​គ្នា។​

17. ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​

18. កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស​ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។​

19. គ្រឹះ​របស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺ​ជា​ត្បូង​មណីជោតិរស​ ទីពីរ​គឺ​ជា​ត្បូង​កណ្ដៀង​ ទីបី​គឺ​ជា​ត្បូង​មោរ៉ា​ ទីបួន​គឺ​ជា​ត្បូង​មរកត​

20. ទីប្រាំ​គឺ​ជា​ត្បូង​សាមស៊ី​ ទីប្រាំមួយ​គឺ​ជា​ត្បូង​ពិទាយ​ ទីប្រាំពីរ​គឺ​ជា​ត្បូង​ប៊ុតលឿង​ ទីប្រាំបី​គឺ​ជា​ត្បូង​បេរីល​ ទីប្រាំបួន​គឺ​ជា​ត្បូង​ទោប៉ាត់​ ទីដប់​គឺ​ជា​ត្បូងយក់​ ទីដប់​មួយ​គឺ​ជា​ត្បូងនិល​ ទីដប់​ពីរ​គឺ​ជា​ត្បូង​ត្របែក។​

វិវរណៈ 21