វិវរណៈ 14:4-10 Khmer Christian Bible (KCB)

4. មនុស្ស​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ជាមួយ​នឹង​ស្រ្ដី​ ដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។​ អ្នក​ទាំង​នេះ​គឺ​ជា​ពួកអ្នក​ដែល​ដើរ​តាម​កូនចៀម​គ្រប់​ទី​កន្លែង​ដែល​កូនចៀម​ទៅ។​ អ្នក​ទាំង​នេះ​ត្រូវ​បាន​លោះ​ចេញ​ពី​ចំណោម​មនុស្ស​ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់​ និង​ដល់​កូនចៀម​

5. ហើយ​នៅ​មាត់​របស់​ពួកគេ​មិន​ឃើញ​មាន​សេចក្ដី​ភូតភរ​ឡើយ​ ពួកគេ​ជា​មនុស្ស​ឥត​បន្ទោស​បាន។​

6. ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ និង​គ្រប់​ជនជាតិ​

7. ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «ចូរ​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ចុះ​ ដ្បិត​ពេល​ដែល​ព្រះអង្គ​ត្រូវ​ជំនុំ​ជម្រះ​បាន​មក​ដល់​ហើយ​ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ ផែនដី​ សមុទ្រ​ និង​ប្រភព​ទឹក​ទាំងឡាយ​ចុះ»​។​

8. មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​

9. បន្ទាប់​មក​ មាន​ទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «បើ​អ្នកណា​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ហើយ​ទទួល​យក​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ខ្លួន​

10. អ្នក​នោះ​នឹងត្រូវ​ផឹក​ស្រា​នៃ​កំហឹង​របស់​ព្រះជាម្ចាស់​ ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់​ចូល​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ ​ហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទារុណកម្ម​នៅ​ក្នុង​ភ្លើង​ និង​ស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ​ និង​នៅ​ចំពោះ​មុខ​កូនចៀម។​

វិវរណៈ 14