1. បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយនៅជាមួយព្រះអង្គមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលមានព្រះនាមរបស់ព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គសរសេរនៅលើថ្ងាសរបស់គេ
2. ខ្ញុំបានឮសំឡេងមួយពីលើមេឃមកដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ហើយសំឡេងដែលខ្ញុំបានឮនោះ គឺដូចជាសំឡេងរបស់ពួកអ្នកលេងពិណកំពុងប្រគំពិណរបស់ខ្លួន
3. ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
4. មនុស្សទាំងនេះគឺជាពួកអ្នកដែលមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកជាមួយនឹងស្រ្ដី ដ្បិតពួកគេបានរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ អ្នកទាំងនេះគឺជាពួកអ្នកដែលដើរតាមកូនចៀមគ្រប់ទីកន្លែងដែលកូនចៀមទៅ។ អ្នកទាំងនេះត្រូវបានលោះចេញពីចំណោមមនុស្សទុកជាផលដំបូងថ្វាយដល់ព្រះជាម្ចាស់ និងដល់កូនចៀម
5. ហើយនៅមាត់របស់ពួកគេមិនឃើញមានសេចក្ដីភូតភរឡើយ ពួកគេជាមនុស្សឥតបន្ទោសបាន។
6. ហើយខ្ញុំក៏បានឃើញទេវតាមួយរូបទៀតហោះនៅកណ្ដាលអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់អស់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ
7. ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះបានមកដល់ហើយ ចូរថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយចុះ»។