4. ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី។ សូមឲ្យអ្នករាល់គ្នាទទួលបានព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរដែលនៅពីមុខបល្ល័ង្ករបស់ព្រះអង្គ
5. ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ
6. ព្រមទាំងធ្វើឲ្យយើងត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់ដែលជាព្រះវរបិតារបស់ព្រះអង្គបានប្រកបដោយសិរីរុងរឿង និងព្រះចេស្ដារហូតអស់កល្បជានិច្ច។ អាម៉ែន។
7. មើល៍ ព្រះអង្គយាងមកនៅលើពពក នោះគ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែពួកអ្នកដែលបានចាក់ព្រះអង្គផង ហើយមនុស្សទាំងអស់នៅលើផែនដីនឹងទួញសោកដោយព្រោះព្រះអង្គ នោះប្រាកដជាមានដូច្នោះមែន។ អាម៉ែន។
8. ព្រះអម្ចាស់ដ៏ជាព្រះដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
9. ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ហើយជាអ្នករួមចំណែកជាមួយអ្នករាល់គ្នានៅក្នុងព្រះយេស៊ូ គឺនៅក្នុងសេចក្ដីវេទនា នៅក្នុងនគរ និងនៅក្នុងការស៊ូទ្រាំ។ ខ្ញុំបាននៅលើកោះប៉ាត់ម៉ុសដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។
10. នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ
11. បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។