5. ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា ពេលចេញពីក្រុងនោះ ចូររលាស់ធូលីដីពីជើងរបស់អ្នករាល់គ្នាចុះ ដើម្បីទុកជាទីបន្ទាល់ដល់ពួកគេ»
6. ពួកគេក៏ចេញទៅ និងបានធ្វើដំណើរពីភូមិមួយទៅភូមិមួយ ប្រកាសដំណឹងល្អ និងប្រោសជំងឺនៅគ្រប់ទីកន្លែងឲ្យបានជា។
7. កាលហេរ៉ូឌជាស្ដេចត្រាញ់បានឮអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង ស្ដេចក៏គិតមិនយល់ ព្រោះមានអ្នកខ្លះនិយាយថា លោកយ៉ូហានត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ
8. អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។
9. រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។
10. ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។
11. ប៉ុន្ដែពេលបណ្ដាជនបានដឹង ក៏ទៅតាមព្រះអង្គ ហើយព្រះអង្គបានស្វាគមន៍ពួកគេ និងមានបន្ទូលទៅពួកគេអំពីនគរព្រះជាម្ចាស់ ព្រមទាំងបានប្រោសអស់អ្នកដែលត្រូវការប្រោសឲ្យជាឲ្យបានជាដែរ។
12. នៅពេលថ្ងៃចាប់ផ្ដើមជ្រេ សាវកទាំងដប់ពីរបានចូលមកជិតទូលព្រះអង្គថា៖ «សូមរំសាយបណ្ដាជនឲ្យទៅស្រុកភូមិ និងស្រែចម្ការនៅជុំវិញ ដើម្បីឲ្យពួកគេរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ដ្បិតកន្លែងនេះនៅដាច់ពីគេ»។
13. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ»
14. ព្រោះមានមនុស្សប្រុសប្រហែលប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់ចុះ»។
15. ពួកគេក៏បានធ្វើដូច្នោះ ហើយមនុស្សទាំងអស់ក៏អង្គុយចុះ។
16. កាលព្រះអង្គបានយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ ទាំងអរព្រះគុណសម្រាប់អាហារទាំងនោះ រួចកាច់ឲ្យទៅពួកសិស្សដើម្បីរៀបចំនៅមុខបណ្ដាជន។
17. ពួកគេក៏បានបរិភោគឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា ហើយគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រក។
18. នៅពេលមួយ កាលព្រះអង្គកំពុងអធិស្ឋាននៅដាច់ដោយឡែក ហើយពួកសិស្សរបស់ព្រះអង្គបាននៅជាមួយព្រះអង្គ ព្រះអង្គបានមានបន្ទូលសួរពួកគេថា៖ «តើបណ្ដាជននិយាយថាខ្ញុំជាអ្នកណា?»