48. រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
49. លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។
50. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កុំឃាត់គាត់អី ដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា នោះនៅខាងអ្នករាល់គ្នាហើយ»។
51. កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។
52. ព្រះអង្គបានចាត់អ្នកនាំសារឲ្យទៅមុនព្រះអង្គ ពួកគេក៏ចេញទៅ និងបានចូលក្នុងភូមិមួយរបស់ពួកសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ។
53. ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។
54. កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?»
55. ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ
56. ដ្បិតកូនមនុស្សមិនបានមកដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។
57. ពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ទូលទៅព្រះអង្គថា៖ «ខ្ញុំនឹងដើរតាមលោក ទោះបីលោកទៅទីណាក៏ដោយ»
58. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក ប៉ុន្ដែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»។
59. ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន»
60. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។