36. ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។
37. ថ្ងៃបន្ទាប់ ពេលពួកគេចុះពីភ្នំមក បណ្ដាជនច្រើនកុះករបានមកជួបព្រះអង្គ
38. ហើយមើល៍ មានបុរសម្នាក់ស្រែកពីក្នុងចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! ខ្ញុំសូមអង្វរ សូមមើលកូនប្រុសរបស់ខ្ញុំផង ព្រោះវាជាកូនតែមួយរបស់ខ្ញុំ
39. ដ្បិតមានវិញ្ញាណមួយចូលក្នុងវា ហើយស្រែកឡើងភ្លាម រួចផ្ដួលកូនខ្ញុំឲ្យដួលប្រកាច់ប្រកិនបែកពពុះមាត់ ហើយវាញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ។
40. ខ្ញុំបានអង្វរពួកសិស្សរបស់លោកឲ្យពួកគេបណ្ដេញវិញ្ញាណនោះចេញដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានសោះ»។
41. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱ ជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនប្រុសរបស់អ្នកមកទីនេះ!»
42. ពេលកូននោះកំពុងចូលមកជិតនៅឡើយ អារក្សបានធ្វើឲ្យដួលប្រកាច់ប្រកិន ហើយព្រះយេស៊ូក៏បន្ទោសដល់វិញ្ញាណអាក្រក់នោះ ទាំងប្រោសក្មេងនោះឲ្យបានជា រួចប្រគល់ឲ្យទៅឪពុករបស់វាវិញ។
43. មនុស្សទាំងអស់បាននឹកអស្ចារ្យចំពោះអំណាចរបស់ព្រះជាម្ចាស់ ហើយកាលមនុស្សទាំងអស់កំពុងស្ងើចសរសើរចំពោះការទាំងឡាយដែលព្រះយេស៊ូបានធ្វើ នោះព្រះអង្គបានមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖
44. «ចូរអ្នករាល់គ្នាផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងនេះចុះ! ដ្បិតកូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស»។
45. តែពួកគេមិនយល់ព្រះបន្ទូលនេះទេ ដ្បិតត្រូវបានលាក់បាំងពីពួកគេ ដើម្បីមិនឲ្យយល់ពីសេចក្ដីនេះ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
46. មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្ស គឺថាតើអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
47. កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ
48. រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
49. លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។
50. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កុំឃាត់គាត់អី ដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា នោះនៅខាងអ្នករាល់គ្នាហើយ»។
51. កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។