27. កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។
28. ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូលដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គ កុំធ្វើទារុណកម្មខ្ញុំអី»។
29. ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។
30. ព្រះយេស៊ូសួរវាថា៖ «តើឯងឈ្មោះអ្វី?» វាក៏ឆ្លើយថា៖ «កងទ័ព» ព្រោះមានអារក្សច្រើនបានចូលក្នុងគាត់
31. ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។
32. នៅទីនោះមានជ្រូកមួយហ្វូងធំកំពុងតែស៊ីចំណីលើភ្នំ ហើយអារក្សក៏អង្វរព្រះអង្គសុំឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។
33. ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។
34. ពេលពួកអ្នកចិញ្ចឹមជ្រូកបានឃើញហេតុកាណ៍កើតឡើង ក៏រត់គេចខ្លួនអស់ ហើយបានរៀបរាប់រឿងនេះនៅតាមក្រុង និងជនបទនានា
35. ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។
36. ពួកអ្នកដែលបានឃើញ ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលបុរសមានអារក្សចូលត្រូវបានប្រោសឲ្យជា។
37. អ្នកទាំងអស់ដែលនៅជុំវិញតំបន់របស់ពួកគេរ៉ាស៊ីនបានសុំឲ្យព្រះអង្គចាកចេញពីពួកគេ ព្រោះពួកគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ដូច្នេះព្រះអង្គក៏យាងចុះទូកត្រលប់មកវិញ។
38. បុរសដែលពួកអារក្សបានចេញនោះ បានអង្វរសុំនៅជាមួយព្រះអង្គ ប៉ុន្ដែព្រះអង្គបានចាត់គាត់ឲ្យទៅវិញ ដោយមានបន្ទូលថា៖
39. «ចូរត្រលប់ទៅផ្ទះរបស់អ្នកវិញ ហើយរៀបរាប់អំពីការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក»។ គាត់ក៏ចេញទៅពាសពេញក្រុងទាំងមូលប្រកាសប្រាប់អំពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់។
40. ពេលព្រះយេស៊ូត្រលប់មកវិញ មនុស្សច្រើនកុះករបានស្វាគមន៍ព្រះអង្គយ៉ាងរាក់ទាក់ ដ្បិតពួកគេគ្រប់គ្នាបានទន្ទឹងចាំព្រះអង្គ
41. ហើយមើល៍ មានបុរសម្នាក់ឈ្មោះយៃរ៉ូសបានមក ម្នាក់នេះជាប្រធានសាលាប្រជុំ គាត់បានក្រាបនៅទៀបបាទាព្រះយេស៊ូ ទាំងអង្វរសុំឲ្យព្រះអង្គយាងទៅផ្ទះរបស់គាត់
42. ព្រោះកូនស្រីតែមួយរបស់គាត់ដែលមានអាយុប្រហែលដប់ពីរឆ្នាំជិតស្លាប់ហើយ ប៉ុន្ដែពេលព្រះអង្គកំពុងយាងទៅ បណ្ដាជនបានប្រជ្រៀតព្រះអង្គ
43. ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។
44. កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។
45. ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
46. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។