39. កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។
40. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។
41. «មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ គឺម្នាក់ជំពាក់ប្រាំរយឌេណារី ហើយម្នាក់ទៀតហាសិបឌេណារី
42. ពេលពួកគេគ្មានអ្វីសង អ្នកចងការក៏លើកលែងឲ្យទាំងពីរនាក់។ ដូច្នេះតើក្នុងចំណោមពីរនាក់នេះ អ្នកណាស្រឡាញ់គាត់ច្រើនជាង?»
43. លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់»
44. ពេលបែរទៅរកស្ដ្រីនោះ ព្រះអង្គមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «តើអ្នកឃើញស្ដ្រីនេះទេ! ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នក អ្នកមិនបានឲ្យទឹកខ្ញុំលាងជើងទេ ផ្ទុយទៅវិញ នាងបានសម្រក់ទឹកភ្នែកលាងជើងឲ្យខ្ញុំ និងបានយកសក់របស់នាងជូតជើងខ្ញុំ។
45. អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញបានថើបជើងរបស់ខ្ញុំរហូតតាំងពីពេលខ្ញុំចូលមក
46. អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។
47. ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។
48. រួចព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។
49. ឯពួកអ្នកកំពុងអង្គុយនៅតុអាហារជាមួយព្រះអង្គ ក៏ចាប់ផ្ដើមគិតក្នុងចិត្ដថា៖ «តើអ្នកនេះជានរណាដែលអាចលើកលែងទោសបាន សូម្បីតែបាបក៏ដោយ?»
50. ព្រះអង្គក៏មានបន្ទូលទៅស្ដ្រីនោះថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរទៅដោយសុខសាន្តចុះ»។